ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េទាំងពីរពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការធ្វើទំនើបកម្មផ្លូវដែកអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ពួកមន្ត្រីមកពីកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានធ្វើការពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍នេះ ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើទំនើបកម្ម និងភ្ជាប់គ្នាជាយថាហេតុផ្លូវដែកឆ្លងកាត់ព្រំដែន ។
គេបានដកស្រង់សំដីមន្ត្រីម្នាក់ដែលគេមិនប្រាប់ឈ្មោះ នៃក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូល ដែលនិយាយថា កិច្ចចរចាអន្តរកូរ៉េ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការផ្លូវដែកបានចាប់ផ្តើមពីម៉ោង ៩:២០នាទីព្រឹកម៉ោងក្នុងស្រុក ។

មន្ត្រីកូរ៉េខាងជើង ៦រូបបានឆ្លងកាត់ខ្សែបន្ទាត់កម្រិតព្រំដែនយោធា ( MDL ) ដែលបំបែកកូរ៉េទាំងពីរចូលទៅក្នុងកន្លែងគយ , អន្តោប្រវេសន៍ នឹងការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ( CIQ ) នៅក្នុងផ្នែកកូរ៉េខាងត្បូងនៅប្រហែលម៉ោង ៨:៣០ នាទីព្រឹកម៉ោងក្នុងស្រុក ។

ពួកមន្ត្រីមកពីភាគីទាំងពីរគេរាយការណ៍ថា កំពុងធ្វើការពិភាក្សាគ្នាពី​គម្រោងនិងមធ្យោបាយ ដើម្បីធ្វើការត្រួតពិនិត្យមើលនៅនឹងកន្លែងរួមគ្នាមួយ ផ្លូវដែកកូរ៉េខាងជើងនៅតាមបណ្តោយរបៀងភាគខាងលិច និងភាគខាងកើតនៃឧបទ្វីបកូរ៉េ ។

វាជាលើកទី២ ហើយនៃការពិភាក្សាគ្នាបែបនេះ ចាប់តាំងពីកិច្ចប្រជុំបែបនេះលើកដំបូងត្រូវបានគេធ្វើឡើងកាលពីថ្ងៃទី២៤ ខែកក្កដា នៅឯទីក្រុងព្រំដែនកាវសុង របស់កូរ៉េខាងជើង ។

ពួកអ្នកធ្វើនយោបាយផ្លូវដែករបស់កូរ៉េទាំងពីរ បានធ្វើការត្រួតពិនិត្យមើលនៅនឹងកន្លែងរួមគ្នាផ្លូវដែកកូរ៉េខាងជើងនៅក្នុងតំបន់ឆ្នេរមុទ្រភាគខាងកើត កាលពីថ្ងៃទី២០ ខែកក្កដា នឹងនៅក្នុងរបៀងភាគខាងលិច កាលពីថ្ងៃទី២៤ ខែកក្កដា ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា – អ៊ីន ​( Moon Jae –in ) និងមេដឹកនាំកំពូលកូរ៉េខាជើងលោក គីម ជុង អ៊ុន ​( Kim Jong Un ) បានព្រមព្រៀងគ្នាធ្វើទំនើបកម្មនិងភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែនអន្តរកូរ៉េក្នុងអំឡុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេកាលពីថ្ងៃទី​២៧ ខែមេសា នៅក្នុងភូមិ​ព្រំដែន ប៉ានមុនហ្សូម ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )