ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអំពាវនាវឱ្យប្រកាសការបញ្ចប់សង្គ្រាមលើឧបទ្វីបកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ — កាសែតផ្លូវការមួយរបស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យធ្វើការប្រកាសការ បញ្ចប់មួយនូវសង្គ្រាមជាមួយ ស.រ.អា ។
កាសែត Rodong Sinnun ផ្លូវការបាននិយាយនៅក្នុងអត្ថាធិប្បាយមួយថា ការប្រកាសការបញ្ចប់ សង្គ្រាមនេះ គឺជាជំហានដំបូងដើម្បីធានានូវសន្តិភាព និងស្ថិរភាព ដែលមិនគ្រាន់តែនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ថែមទាំងក៏នៅក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ ។

បទអត្ថាធិប្បាយនោះបាននិយាយថា ប្រសិនបើការប្រឈមមុខគ្នាដោយយោធារវាងកូរ៉េខាងជើង និងស.រ.អា ចូលមកដល់ទីបញ្ចប់ជាមួយសេចក្តីប្រកាសមួយនោះ បរិយាកាសនឹងក្លាយទៅជាទីពេញចិត្ត សម្រាប់ការកសាងជំនឿទុកចិត្តគ្នា ។

បទអត្ថាធិប្បាយនោះបាននិយាយបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងជើង បានស្នើឱ្យមានការប្រកាស បញ្ចប់សង្គ្រាមនេះ ព្រមទាំងបង្វែរកិច្ចព្រមព្រៀងយុទ្ធសន្តិភាពឱ្យទៅជាកិច្ចព្រមព្រៀងសន្តិភាពមួយ ដែល ជាមធ្យោបាយសមហេតុផលបំផុត ក្នុងការបន្ធូបន្ថយភាពតានតឹងហើយនឹងធានាឱ្យមានសន្តិភាព ដែល មាននិរន្តរភាពនៅលើឧបទ្វីបកូរ៉េ ។

កាសែត Rodong Sinnun បាននិយាយថា តែយ៉ាងណាក៏ដោយរឿងនេះ នៅមិនទាន់ចេញជា រូបរាងពិតប្រាកដនៅឡើយទេ ដោយអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ ។

បទអត្ថាធិប្បាយនោះបាននិយាយថា សេចក្តីថ្លែងការណ៍រួមកូរ៉េខាងជើង ស.រ.អា អំពាវនាវឱ្យធ្វើកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងយន្តការរក្សាសន្តិភាពជាអចិន្ត្រៃយ៍និងឋិតថេរនៅលើឧបទ្វីបកូរ៉េ ។ ទំនាក់ទំនងកូរ៉េខាងជើង ស.រ.អា នឹងធ្វើជាជំហានដ៏ធំឆ្ពោះទៅមុខដូច ដែលបានតម្រូវដោយដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍនៃប្រវត្តិសាស្ត្រ ។

មេដឹកនាំកំពូលកូរ៉េខាងជើង លោក​ គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីក្នុងខែមិថុនា នៅសិង្ហបុរី ដែលនៅទីនោះមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)