ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធររាជធានី នឹងស្ថាបនាផ្លូវ ដាក់លូ និងដាក់បង្គោលភ្លើងជូនប្រជាពលរដ្ឋ នៅភូមិព្រែកតាគង់១ ក្នុងខណ្ឌមានជ័យ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបភាព លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវបេតុងចំនួន២ខ្សែប្រវែង២៥៣០ម៉ែត្រ ដាក់ប្រព័ន្ធលូសង្ខាងផ្លូវ និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ ក្នុងតំបន់អភិវឌ្ឍន៍បឹងជើងឯក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បី ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានធ្វើដំណើរមានភាពប្រសើរជាងសព្វថ្ងៃ។

ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ ក្នុងសហគមន៍ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី ១០ សីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះជាច្រើនដំណរមកនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជូនបងប្អូនទៅតាមការសន្យារបស់សាលារាជធានីភ្នំពេញកាលពីពេលមុន។

ការសន្យានោះ គឺស្ថាបនាផ្លូវបេតុង១ខ្សែ និងដាក់ប្រព័ន្ធលូ ប្រវែង១៣៣០ម៉ែត្រ។ ដោយឡែកថ្ងៃនេះ គឺសាលារាជធានីនឹងជូនផ្លូវបេតុង១ខ្សែ ដែលមានប្រវែង១២០០ម៉ែត្របន្ថែមទៀត។ឯកឧត្តម អភិបាលបន្តថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើប្រទានកម្មដីជូន ជិត៤០០គ្រួសារ ផងដែរ ដើម្បីឲ្យ បងប្អូន មានកន្លែងសង់លំនៅដ្ឋានបានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។ ការសម្រេចប្រគល់ដីប្រទានកម្ម ពីសម្តេច ជូនប្រជាពលរដ្ឋ ៣៨០ គ្រួសារ រស់នៅភូមិព្រែកតាគង់១នេះ គឺដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិលំនៅដ្ឋាន រស់នៅស្របច្បាប់ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមគម្រោងការផ្តល់ផ្លូវ ដាក់លូនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខឲ្យបានរួចរាល់នៅឆមាសទី២ក្នុងឆ្នាំ២០១៨នេះ។លោកបន្តថាផ្លូវបេតុងប្រវែង២៥៣០ម៉ែត្រនេះ ពីមុនមិនមានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសង្ខាង និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើនេះ មានចំនួន៣៨៦ គ្រួសារ ដែលភាគច្រើនបងប្អូនប្រកបមុខរបដាំបន្លែ៕