ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម​ គួច​ ចំរើន​ ជិះទូកចែកអំណោយតាមផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួន​៨៩គ្រួសារ​ ស្ថិតក្នុងភូមិរដ្ឋមុនី​ ឃុំមហាលាភ​ ស្រុកកោះសូទិន​

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៨​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានជិះទូក ចែកអំណោយតាមផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន​៨៩គ្រួសារ​ ស្ថិតនៅក្នុងភូមិរដ្ឋមុនី​ ឃុំមហាលាភ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្ដម​ គួច​ ចំរើន​ បានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេង​ៗ​ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរ្ពិស​ ច្រើនផងដែរ ។

យោងតាមរបាយការណ៍របស់មន្ត្រីគ្រោះមហន្តរាយខេត្តកំពង់ចាម​ បានបញ្ជាក់ឲ្យដឹងថា​ គិតត្រឹមថ្ងៃទី១០សីហានេះ មានមនុស្សក្មេងចាស់៩នាក់ហើយ នៅក្នុងខេត្តកំពង់ចាម បានបាត់បង់ជីវិត ដោយ សារលង់ទឹក ក្នុងកំឡុងពេលទឹកជំនន់ គឺ មាននៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម ។របាយការណ៍នោះ បានបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជិតពីរពាន់នាក់ និងសត្វពាហនៈ ជិត ពីរពាន់ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន១២កន្លែង ខណៈដែលទឹកជំនន់ កំពុងយាយីស្រុកចំនួន៩ ក្នុងចំណោមស្រុកក្រុងចំនួន១០របស់ខេត្ត ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាង២ម៉ឺន២ ពាន់គ្រួសារ ដំណាំកសិកម្ម ជាង៥ពាន់ហិកតា វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន ក៏មានការប៉ះពាល់ដោយសារការបាក់ច្រាំងទន្លេផងដែរ ៕