ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គយកម្ពុជា ប្រាប់អង្គការគយពិភពលោកថា បទបញ្ញត្តិមួយចំនួន កម្ពុជាត្រូវការពេលវេលាដើម្បីអនុវត្តន៍

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨–​ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រាប់លោក JONATHAN FELLOWS អ្នកជំនាញការជាន់ខ្ពស់ នៃអង្គការគយពិភពលោកថា បទបញ្ញត្តិមួយចំនួនដែល បានដាក់ចេញ ដល់ប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនោះ កម្ពុជាត្រូវការ ពេលវេលាដើម្បីអនុវត្តន៍។

នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

​ការបញ្ជាក់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានេះធ្វើឡើង កាលពីពេលថ្មីៗនេះ ខណៈដែលគណៈប្រតិភូ អង្គការគយពិភពលោក ដឹកនាំដោយលោក JONATHAN FELLOWS អ្នកជំនាញការជាន់ខ្ពស់មកបំពេញបេសកកម្ម នៅកម្ពុជាក្នុងគោល បំណងជួយពិនិត្យ វាយតម្លៃ និងលើកផែនការអនុវត្តន៍កិច្ចព្រមព្រៀង ស្ដីពីកិច្ចសម្រួល ពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក។

​ឯកឧត្តមប្រតិភូបានជម្រាបជូនគណៈប្រតិភូអង្គការគយពិភពលោកអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តបទបញ្ញត្តិនៃកិច្ចព្រមព្រៀងស្របតាមលទ្ធភាព និងសមត្ថភាព របស់កម្ពុជា ដែលបទបញ្ញត្តិមួយចំនួនកម្ពុជាត្រូវការពេលវេលាដើម្បីអនុវត្តន៍ ហើយមួយចំនួន ទៀតត្រូវការជំនួយបច្ចេកទេសពីអង្គការអន្តរជាតិ និងប្រទេសអភិវឌ្ឍន៍។

ឯកឧត្តមបានបន្ដថា រាល់អនុសាសន៍ និងផែនការដែលលើកឡើងដោយគណៈប្រតិភូ នឹងត្រូវពិនិត្យពិចារណាដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា២០១៩-២០២៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកំពុងតែរៀបចំ។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក ដែល បាន និងកំពុងជួយដល់រដ្ឋបាលគយកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធាន មនុស្សលើការងារបច្ចេកទេសគយនានា។
សូមរម្លឹកថា កម្ពុជាបានផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។ បទបញ្ញត្តិប្រមាណជាង ៨០ភាគរយ នៃកិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តន៍ ដោយរដ្ឋបាលគយនៃប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក៕


ដោយ គង់ សិរីរ័ត្ន