ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីការបរទេសមកពីប្រទេសរវ៉ាន់ដា និងហ្សីណេ ស្វែងរកការគាំទ្រពីកម្ពុជាសម្រាប់តំណែងអគ្គលេខាធិការថ្មីនៃអង្គការប្រទេសនិយាយភាសាបារាំង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨–​លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍ អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរវ៉ាន់ដា និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេស នៃប្រទេសហ្គីណេ បានស្វែងរកការគាំទ្រពីកម្ពុជា សម្រាប់តំណែងអគ្គលេខាធិការថ្មីនៃអង្គការ ប្រទេសនិយាយភាសាបារាំង ខណៈដែលកម្ពុជាជាសមាជិកនៅក្នុងអង្គការនេះដែរ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យ ក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនេះថា លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ បានជម្រាបអំពីគោលបំណងរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានា ពេលនេះ គឺ ដើម្បីស្វែងរកការគាំទ្រពីប្រទេសកម្ពុជាដែលជាសមាជិកអង្គការប្រទេសនិយាយ ភាសា បារាំង សម្រាប់បោះ ឆ្នោតគាំទ្រលោកជំទាវធ្វើជាអគ្គលេខាធិការថ្មីនៃអង្គការមួយនេះ។

លោកជំទាវបានបន្ដថា បើសិនលោកជំទាវជាប់ជាអគ្គលេខាធិការនៃអង្គការអន្តរជាតិ មួយនេះ លោកជំទាវនឹងជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដាប្រទេស ជាសមាជិក ជាពិសេសផ្តោត លើយុវជនធ្វើឱ្យមានតុល្យភាពរវាងទិដ្ឋភាពនយោបាយក៏ដូច ជាទិដ្ឋភាពសេដ្ឋកិច្ច។

លោកជំទាវ ក៏សន្យាជំរុញតួនាទីអង្គការអន្តរជាតិនេះ ឱ្យមានតុល្យភាព ផងដែរលើការអនុវត្តនូវនយោបាយ និងសេរីភាពរបស់ប្រទេសជាសមាជិក។

ជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអរគុណចំពោះវត្តមាន របស់លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ ដែលបានមកបំពេញទស្សន កិច្ចនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ចំពោះសំណើគាំទ្រលោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការថ្មីនៃអង្គការប្រទេសនិយាយភាសាបារាំងនោះ ត្រូវបានក្រសួងការបរទេស ដាក់សំណើសម្រេចទៅរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

ជាមួយគ្នានេះដែរ សម្រាប់លទ្ធផល នឹងដឹងនៅពេលបោះឆ្នោតដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៨ នៅប្រទេសអាមេនី។

សូមបញ្ជាក់ថា លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស
កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរវ៉ាន់ដា និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការ បរទេសនៃប្រទេសហ្គីណេ គឺជាភ្ញៀវអន្តរជាតិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្រោយប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្ដ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

ទន្ទឹមនេះ លោកជំទាវ ល្វីស មុស៊ីគីវ៉ាបូ និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ កំពុងបំពេញទស្សនកិច្ចនៅក្នុង ប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិន ដូចជា ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង៕

ដោយ ខឹម សុវណ្ណារ៉ា