ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្ត្រីថៃអបអរសាទរការបោះឆ្នោតនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨–​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ផ្ញើ​សារ​លិខិតអបអរសាទរជូន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ចំពោះ​​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែល​បា​ន​ប្រព្រឹត្តទៅនាពេលកន្លងមកប្រកបដោយ​ជោគជ័យ​។

​​យោងតាម​លិខិត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ផ្ញើជូន​សម្តេច​តេ​ជោ បាន​ឱ្យ​​​​ដឹងថា ក្នុងនាម​រដ្ឋាភិបាល និង​ប្រជាជន​ថៃ សូម​សម្តែង​នូវ​ក្តី​អបអរ​សារ​ទរ​យ៉ាង​កក់ក្តៅ​ជូន​ចំ​​ពោះ​​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជ័យជម្នះយ៉ាងច្រើន​លើស​លប់ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។

ខ្ញុំ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ និង​អាណត្តិ​ថ្មី​របស់​សម្តេច​តេ​ជោ កម្ពុជា​នឹង​បន្ត​រីកចម្រើន​នា​ឆ្នាំ​បន្តបន្ទាប់​ទៀ​ត​​ខាងមុខ​។ ខ្ញុំ​សូម​អបអរសាទរ​ផងដែរ​ចំពោះ​សម្តេច​តេ​ជោ និង​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ពា​ក់​ព័ន្ធ​របស់​កម្ពុ​ជា​ទាំងអស់ ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​​។

​​ប្រទេស​ថៃ ក្នុងនាម​ជា​អ្នកជិតខាង​មួយ​ដ៏​ជិតស្និទ្ធ សូមបញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​បន្ត​ព​ង្រឹ​ង​ចំណងមិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ផល​ប្រ​យោ​ជន៍​រួម​សម្រាប់​ប្រជាជន​យើង​ទាំងពីរ​៕

ដោយ ជឹម ណារី