ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តតាកែវដឹកនាំមន្ត្រីរាជការដាំកូនឈើដែលជាព្រះរាជ អំណោយដ៏ថ្លៃថ្លារបស់ ព្រះមហាក្សត្រ

AKP តាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨– ឯកឧត្តម អ៊ូច ភា អភិបាលខេត្ដតាកែវ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហការជាមួយខណ្ឌរដ្ឋបាល ព្រៃឈើ ក្នុងខេត្ត តាកែវ បានដាំកូនឈើនៅសួនច្បារខាងមុខមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលជាព្រះរាជ អំណោយដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ។ ពិធីនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តម អ៊ូច ភា បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សាការពារ បរិស្ថាន ធម្មជាតិ ក៏ដូចជាបំផុសឱ្យយើងទាំងអស់គ្នា បានយល់ដឹង អំពីផលប្រយោជន៍នៃព្រៃឈើ ព្រមទាំងនាំគ្នាដាំដើមឈើឡើងវិញ ទាំងនៅទីសាធារណៈ ក៏ដូចជា នៅតាមគេហដ្ឋាន។ ឯកឧត្តមបានបន្តថា ធនធានព្រៃឈើជាតិ មិនត្រឹមតែជាតម្លៃ សេដ្ឋកិច្ច និងការប្រើ ប្រាស់ប៉ុណ្ណោះទេ វាមានតម្លៃផ្សេងៗ ទៀតជាច្រើនដូចជា បរិស្ថាន វប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍ ការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដី ការទប់ស្កាត់មិនឱ្យមាន រហោលដ្ឋាន ឬឱនភាពដី ប្រព័ន្ធការពារជីវៈចម្រុះ ផ្តល់ជម្រក ដល់មនុស្សសត្វលើផែនដី។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវឱ្យមានការដាំដើមឈើ នៅតាមទីសាធារណៈ វត្តអារាមលំនៅឋាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារៈសំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ជ្រកកោន ធ្វើជាសម្ភារប្រើប្រាស់ ធ្វើគម្របដី ដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នកាបូនិក សម្អាតបរិស្ថានឱ្យ មានពណ៌បៃតងស្រស់បំព្រង ជាពិសេសផ្លែ សម្រាប់ពិសា ឬលក់ដូរ ដើម្បីបង្កើននូវប្រាក់ ចំណូលក្នុងគ្រួសារថែមទៀត៕

ដោយ គង់ សិរីរ័ត្ន