ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ប្រកាសគាំទ្រការបោះ ឆ្នោតនៅកម្ពុជាថា មានភាពល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖  ដោយ លោក ជួន បូណា ៖

ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានប្រកាស​គាំទ្រការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦នៅកម្ពុជា គឺមានភាពល្​អប្រសើរ ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងនីតិវិធីនៃការបោះឆ្នោត។
ថ្លែងក្នុងពិធីទទួលវិញ្ញាបនបត្រជាសមាជិកបណ្ឌិតសភាចារ្យ នៃបណ្ឌិត​សភា​​ទេសចរណ៍អឺរ៉ុប នាព្រឹកថ្ងៃទី31ខែកក្កដានេះ នៅអគារ​មិត្តភាព​ទីស្តី​ការ​គណរដ្ឋមន្ត្រី ឯកឧត្ដម អានតុន ការ៉ាហ្គែ ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបបានមានប្រសាសន៍ថា ការបោះឆ្នោតលើកនេះ ប្រព្រឹត្ត​ទៅ​ដោយរលូន មានសន្តិភាព ប្រសិទ្ធភាព តម្លាភាព គ្មានអំពើហិង្សា ហើយ​មន្រ្តីការិយាល័យបោះឆ្នោត បានគោរពតាមបទបញ្ជា និងនីតិវិធីយ៉ាង​ខ្ជាប់​ខ្ជួន។ ជាមួយគ្នានេះ ប្រជាពលលរដ្ឋជាច្រើនមានស្មារតីទៅបោះឆ្នោត ដើ​ម្បី​​ជ្រើសរើសអ្នកដឹកនាំតាមការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំ។ ឯកឧត្ដមបានបញ្ជាក់ថា ការទទួលបាន ជោគជ័យនៃការ​បោះឆ្នោ​នៅកម្ពុជា​លើកនេះ នឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេស​ចរណ៍អន្ដរជាតិ​មក​កាន់​កម្ពុជាអោយកាន់តែច្រើនឡើងផងដែរ។

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរ​គុណដល់ឯកឧត្ដម អានតុន ការ៉ាហ្គែ ប្រធានក្រុមប្រឹក្សាទេសចរណ៍ និង​ពាណិជ្ជកម្មអឺរ៉ុប និងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសចូល​រួមជាអ្នក​អង្កេតការណ៍នៃការបោះឆ្នោតថ្ងៃទី២៩កក្កដាកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង​តំ​ណាង​រាស្រ្ដនីតិកាលទី៦លើកនេះ ប្រព្រឹត្ដិទៅ ត្រឹមត្រូវ និងយុត្ដិធម៌ តាម​គោលការណ៍ប្រជាធិបតេយ្យ ដោយមានប្រជាពលរដ្ឋចេញទៅ​បោះឆ្នោត​ជាង៨២ភាគរយ ។

បើយោងតាមគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា បើ​គ្មាន​ពាក្យបណ្ដឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះ​អាសន្ននៅថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០១៨ ហើយនិងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ សីហារឆ្នាំ២០១៨៕