ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ទីរធនធានទឹកខេត្ដកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងតំបន់ទំនាបនានា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា ៖
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអំពាវនាវ​ឲ្យប្រជា​ពល​រដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ត្រូវ​​​​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ ដែលកើតមាន​ឡើង​ជាយ​​​ថាហេតុ ព្រោះលំហូរនៃទឹកទន្លេមេគង្គ កំពុងមានសន្ទុះ​ហក់ឡើង​យ៉ាង​គំហុក ។
លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ចាម បាន​ឲ្យ​​​​​​ដឹងថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨​នេះ ទឹកទន្លេមេគង្គបានហក់ឡើងដល់កម្ពស់១៤,៦០ម៉ែត្រ ខណៈកម្រិត​ប្រ​កាសអាសន្ន១៥.២០ម៉ែត្រ ។លោក បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ ត្រឹម​រយៈពេល២៤ម៉ោងហក់ឡើង០,២៤ម៉ែត្រដែលធ្វើឲ្យទឹកហូរ​ចូល​កន្លែង​​​​ទំនាប និងព្រែក ចំនួន៣៩កន្លែង រួមមាន នៅស្រុកកោះសូទិន ស្រុកស្រី​សន្ធរ ស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខណៈដែល​កម្រិត​​​កម្ពស់ទឹកត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺ១៥,២០ម៉ែត្រ។
លោកបានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញពីស្ថានភាព​ជំនន់ទឹកទន្លេមេ​គង្គ មានសន្ទុះហក់ឡើងយ៉ាងគំហុក នាប៉ុន្មានថ្ងៃចុងក្រោយនេះ គួរឲ្យ​មាន​ការព្រួយបារម្មណ៍ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ​តាម​ដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ក្នុងភូមិសាស្ត្រខេត្ត​កំ​ពង់​​​ចាមត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីបង្ការការពារគ្រោះ​ថ្នាក់​​​កើតឡើងជាយថាហេតុ ព្រោះស្ថានភាពទឹកពេលនេះកំពុងបន្តហក់​ឡើង​​​​ ។លោកបន្តថា ដោយអនុវត្តតាមការណែនាំពីក្រសួងធនធានទឹក លើវិធាន​ការ​​​ការពារ ក៏ដូចជាការផ្សព្វផ្សាយអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន សុំឲ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាពជំនន់ទឹកទន្លេមេគង្គនេះ ដើម្បីមានវិធានការការពារ ទ្រព្យសម្បត្តិ អាយុជីវិតកូន-ចៅ និង​សត្វពាហនៈបង្ការទុកដាក់ជាមុនឲ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលក្រសួងធនធានទឹក និងឧតុនិយម ប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្តីពីការហក់ឡើងខ្លាំង នៃទឹកជំនន់ទន្លេមេគង្គលើ ដោយ​សារ​​​មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់​អាងទន្លេមេគង្គក្នុងនៅប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេ​គង្គក្នុង​ប្រទេសកម្ពុជា បន្តកើនឡើងក្នុងរយៈពេល២-៣ថ្ងៃបន្ថែមទៀត ។ យោងតាមការព្យាករណ៍ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា អាចនឹងកើន​ឡើង​បន្ត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ទន្លេមេគង្គខេត្តកំពង់ចាម ទឹកអាចនឹងកើនឡើងដល់កម្ពស់១៥,២៥ម៉ែត្រ ខណៈដែលកម្រិតកម្ពស់ទឹក ត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺ១៥,២០ម៉ែត្រប៉ុណ្ណោះ ៕