ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិននិងអង់គ្លេសធ្វើការសន្ទនាគ្នាជាយុទ្ធសាស្ត្រ, ព្រមព្រៀងថែរក្សារួមគ្នាលទ្ធិពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ( Wang Yi ) បាននិយាយពីថ្ងៃចន្ទ ថាក្នុងឋានៈ ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នោះប្រទេសចិន និងអង់គ្លេស គួរតែអនុវត្តន៍តាមឱ្យបានខ្លាំងនូវពហុភាគីនិយម ក៏ដូចជារបបពាណិជ្ជកម្មសេរី​ ព្រមទាំងច្បាប់ WTO ។
លោក វ៉ាង បានធ្វើការកត់សម្គាល់នេះនៅពេលធ្វើជាសហប្រធានការសន្ទនាគ្នាជាយុទ្ធសាស្ត្រចិន- អង់គ្លេសលើកទី៩ ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជេរ៉េមី ហ៊ុន ( Jeremy Hunt ) ក្នុងក្រុង ប៉េកាំង ។
ដោយកត់សម្គាល់ថា ទំនាក់ទំនងចិន – អង់គ្លេសបានរក្សានូវកម្លាំងចលករនៃកំណើនដែលឥតផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក វ៉ាង បានស្វាគមន៍ប្រទេសអង់គ្លេស ដែលបានចូលរួមកាន់តែមានមហិច្ឆតាថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្រោមការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និង ផ្លូវ ក្នុងវិស័យដូចជា ថាមពលនុយក្លេអ៊ែរ , ហរិញ្ញវត្ថុ និងការបញ្ចូលរបៀបថ្មី​ ព្រមទាំងនៅក្នុងឧស្សាហកម្ម ថ្មី ដែលរួមមានបញ្ញា សិប្បនិមិត្ត , ថាមពលបៃតង និង សេដ្ឋកិច្ច ឌីជីថល ជាដើម ។

លោក វ៉ាង បាននិយាយថា ចិននិងអង់គ្លេសគួរតែចាត់ទុកការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកថា ជាឱកាសមួយ ជាជំនួសការគំរាមកំហែងគ្នា ។ នៅក្រោមស្ថានការណ៍បច្ចុប្បន្ន ចិននិងអង់គ្លេស ដែលទាំងពីរ ជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នោះ គួរតែអនុវត្តន៍តាមការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីថែរក្សាឱ្យបានរឹងមាំលទ្ធិពហុភាគីនិយម , របបពាណិជ្ជកម្ម សេរី​ព្រមទាំងច្បាប់​ WTO ក៏ដូចជាប្រឆាំងជំទាស់ នឹងលទ្ធិឯកតោភាគីនិយម ព្រមទាំងលទ្ធិការពារ ពាណិជ្ជកម្មក្នុងស្រុក ។

លោក ហ៊ុន បាននិយាយថា ប្រទេសអង់គ្លេសសាទរដល់ការសម្រេចបានរបស់ចិននៅក្នុងការកាត់បន្ថយភាពក្រីក្រក៏ដូចជាសិទ្ធិសេដ្ឋកិច្ច និងសង្គម ។ លោក ហ៊ុន បាននិយាយថា អង់គ្លេសមានឆន្ទៈពង្រឹងការសន្ទនាគ្នាជាយុទ្ធសាស្ត្រ ព្រមទាំងធ្វើឱ្យស៊ីជម្រៅការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងវិស័យផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍ « សករាជមាស » នៃទំនាក់ទំនងទ្វេភាគី​ដោយលោកនិយាយបន្ថែមថា ប្រទេសរបស់លោកត្រៀមខ្លួនធ្វើឱ្យស៊ីជម្រៅការទាក់ទងគ្នាជាមួយចិន ដើម្បីដោះស្រាយរួមគ្នា ការប្រកួតប្រជែងផ្សេងៗ ព្រមទាំងការពារលទ្ធិពហុភាគីនិយម និងបទបញ្ជាជាសកល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )