ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សំរាមជិត១ពាន់តោន ដែលអាជ្ញាធរកាយ និងដឹកចេញ សម្រាប់តែប្រឡាយបឹងត្របែកមួយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ សំរាមនៅក្នុងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋយកទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយនោះ មកដល់ពេលនេះ ក្រោយពីមានការណែនាំពី ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មកដល់ពេលនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយនិងកើបដឹកចេញបានចំនួន ១៥៤ឡានស្មើនឹងប្រមាណ ៥០%នៃសំរាមក្នុងប្រឡាយហើយ ។

មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា សំរាមនៅក្នុងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋយកទៅបោះចោល ក្នុងប្រឡាយនោះ គិតត្រឹមថ្ងៃទី១១កក្កដានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយប្រមូលសំរាមនៅប្រឡាយបឹងត្របែក បានចំនួន ១៥៤ឡាន ស្មើនឹងប្រមាណ ៥០%នៃសំរាមក្នុងប្រឡាយហើយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

ជុំវិញបញ្ហានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់មានប្រសាសន៍អោយដឹងថា ប្រឡាយបឹងត្របែក ពិសេសនៅក្រោយស្ថានីយបឹងត្របែកត្រូវបងប្អូនប្រជាពលរដ្ឋយកសំរាមទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយទៅហើយ ដោយមើលឃើញពីបញ្ហាប្រឈមនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពី ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអោយមន្ត្រីជំនាញដាក់គ្រឿងចក្រចុះកាយភ្លាមៗតែម្តង ។ លោក បន្តថា សម្រាមនៅក្នុងប្រឡាយបឹងត្របែកនេះសរុបប្រមាណជាង៣០០ឡាន គឺសរុបប្រមាណជិត១ពាន់តោននេះ ដែលត្រូវកាយ និងដឹកជញ្ជូនចេញក្នុងរយះពេលមួយសប្តាហ៏នឹងរួចរាល់ ៕