ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាត្រៀមរួចរាល់ក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាអាស៊ីបាស៊ីហ្វិកលើកទី២៧នៅដើមឆ្នាំក្រោយ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដោយ លោកចេម ហួត

ភ្នំពេញ៖កម្ពុជាត្រៀមរួចរាល់ហើយក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ីបាស៊ីហ្វិកលើកទី២៧នៅដើមឆ្នាំ២០១៩ខាងមុខនេះដើម្បីចូលរួមថែរក្សា សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងពង្រឹងភាពជាដៃគូសភាជាមួយបណ្តាប្រទេសផ្សេងៗលើសកលោក ។

 

ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋសភាបានមានប្រសាសន៍ ប្រាប់អ្នកសាព័ត៌មាននៅថ្ងៃទី១២ខែកក្កដានេះថា ក្រុមមន្ត្រីជំនាញរដ្ឋសភាបានប្រជុំជា     ច្រើលើករួចមកហើយដើម្បីត្រួតពិនិត្យលទ្ធផលការ​​ងារ និងដាក់ចេញផែនការក្នុងការត្រៀមផ្តល់សេវាកម្មដល់ដំណើរការ នៃវេទិកាអាស៊ីបាស៊ីហ្វិកលើកទី២៧នាពេលខាង​មុខឲ្យទទួលបានជោគជ័យ។

 

ប្រធានបទដែលគ្រោងលើកយកមកពិភាក្សា នោះគឺការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រក​បដោយ​ចីរភាព។ ក្រៅពីនេះ ក៏នឹងលើកយកបញ្ហាសន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលកំពុងជះឥទ្ធិពលដល់សន្តិសុខនិងសន្តិភាពក្នុងតំបន់។

ឯកឧត្តម ឡេង ប៉េង ឡុងបញ្ជាក់ថា វេទិកាអាស៊ីបាស៊ីហ្វិកលើកទី២៧ ហៅកាត់ថា  APPF លើកទី២៧ដែលគ្រោងធ្វើនៅខេត្តសៀមរាបនាខែមករាឆ្នាំ២០១៩ខាងមុខនេះគឺជាការលើកកម្ពស់កិត្តិយសនិងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិពិសេសការលើកកម្ពស់យន្តការសភាបង្កើនកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយបណ្តា​ប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។

 

សភាកម្ពុជាទទួលទង់សភាអាស៊ីបាស៊ីហ្វិកក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំនៅដើម​ឆ្នាំក្រោយបន្ទាប់ពីសភាប្រទេសវៀតណាម។ ការទទួលទង់APPFនេះធ្វើឡើងនៅវិមានរដ្ឋសភាកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែមេសា រវាងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី តុង ធីហ្វុង អនុប្រធានសភាវៀតណាម។

 

សូមបញ្ជាក់ថា វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ដើម្បីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

សម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាទទួលទង់ APPFពីលោកជំទាវ តុង ធីហ្វុង អនុប្រធានសភាវៀតណាមកាលពីថ្ងៃទី២៥ ខែមេសា នៅវិមានរដ្ឋសភាកម្ពុជា