ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ថ្នាក់ដឹកនាំគ.ជ.ប ចំនួន៩រូប បានសម្រេចព្យួរសិទ្ធិបោះឆ្នោតរបស់ខ្លួន ដើម្បីបង្ហាញពីស្អាតស្អំ និងអព្យាក្រិត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក វ៉ាង ភក្តី៖

ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចំនួន៩រូប បានសម្រេច​ព្យួរ​សិទ្ធិបោះឆ្នោតរបស់ខ្លួន ដើម្បីបង្ហាញពីស្អាតស្អំ និងអព្យាក្រិតចំពោះគណបក្ស​នយោបាយ​ដែល​បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ខាងមុខនេះ។
អ្នកទាំងនោះមាន៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.ប និងសមាជិក៧រូបទៀត មានឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម ឌុច សុន ឯកឧត្តម ហ៊ីង ធីឫទ្ធិ ឯកឧត្តម ឯម សូផាត ឯកឧត្តម ហ៊ែល សារ៉ាត់ និងឯកឧត្តម ហង្ស ពុទ្ធា។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១២ ខែកក្កដានេះ បានបញ្ជាក់ថា ការព្យួរសិទ្ធិបោះ​ឆ្នោតបណ្តោះអាសន្នចំពោះសមាជិកទាំង៩រូបនេះ គឺដើម្បីរក្សាអព្យាក្រឹតភាពភាពឥត​លម្អៀង​​ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
តាមមាត្រា៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គ.ជ.ប បានកំណត់ថា សមាជិក​គ.ជ.ប​ទាំង៩រូប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន រហូតដល់ថ្ងៃបញ្ចប់មុខតំណែង៕