ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឡុង ឌីម៉ង់ ប្រើចិត្តសាស្ត្រ ពន្យល់ពលករខ្មែរម្នាក់ ដែលមានបញ្ហាបាក់ទឹកចិត្តឲ្យមានភាពប្រសើរឡើងវិញ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោកចន ណារិទ្ធ

 ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឡុង ឌីម៉ង់ បានប្រើចិត្ត​សាស្ត្រដ៏​ប៉ិន​ប្រ​សព្វ​របស់ខ្លួន ដើម្បីពន្យល់ដល់ ពលករខ្មែរម្នាក់ ដែលមានបញ្ហាបាក់ ទឹកចិត្តស្ទើរស្លាប់​ស្ទើ​រស់ រហូតដល់យុវជនម្នាក់នេះមានការភ្ញាក់រលឹក មានស្មារតី តស៊ូ ក្រោកឈរឡើងវិញ ដើម្បី​ជម្នះ​​ឧបសគ្គ​នៅ​ចំពោះមុខ។

ការប្រើចិត្តសាស្ត្រពន្យល់ដោយជោគជ័យនេះ គឺធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែល ឯកឧត្តម ឡុង ឌីម៉ង់ បានជួបជជែកផ្ទាល់ជាមួយនិងពលករខ្មែរដែលបាក់ទឹកចិត្ត ក្នុងស្ថានទូតកម្ពុជាប្រចាំកូរ៉េ ។
ឯកឧត្តម ឡុង ឌីម៉ង់ បានលើកឡើងថា ខ្ញុំបានជួបពន្យល់ លើកទឹកចិត្តដល់ប្អូនប្រុស ទី សារុង ពលករផ្នែកសំណង់ ដែលមានបញ្ហាផ្លូវចិត្ត បាក់ទឹកចិត្ត ដោយសារក្រុមគ្រួសារ​នៅស្រុកមាន​បញ្ហា រហូតដល់អង្អត់អាហារអត់ខ្លួនឯង មិនគេង ហើយឈានដល់គាំងបេះ​ដូង និងជិត​បាត់​បង់ជីវិត ។ ខ្ញុំក៏បានរៀបរាប់ពីវិធីកាន់បន្ថយស្រេ្តស កាត់បន្ថយការបាក់ទឹកចិត្ត និងជម្រុញឲ្យ​ខំ​ប្រឹងតស៊ូបន្ថែមទៀត ជាពិសេសថែរក្សាសុខភាពកុំបណ្ដោយឲ្យធ្លាក់ខ្លួនដូចនេះទៀត។
ឯកឧត្តម បន្តទៀតថា ដោយទទួលនូវសំណូមពរ របស់ប្អូនប្រុស ទី សារុង ដែលចង់​ទៅសម្រាក​ព្យាបាលជម្ងឺនៅខ្មែរ ក្រុមការងារស្ថានទូតបានឧបត្ថមថវិកា​ដើម្បីទិញសំបុត្រយន្ដ​ហោះជូន​ប្អូន​ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឡុង ឌីម៉ង់ សូមអំពាវនាវឲ្យឪពុកម្តាយក្រុមគ្រួសារ​របស់ពលករ​ដែល​ទៅ​ធ្វើការនៅកូរ៉េ សូមកុំព្យាយាមដាក់បន្ទុកជាបញ្ហាដែលដោះមិនចេះចប់ នឹង​បណ្តាល​ឲ្យ​កូន​ មាន​បញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរឈានដល់បញ្ហាគាំងបេះដូង។ ដរាបណា​មានជីវិតនិង​សុខភាព​ល្អទើបអាចរកលុយបានទៀត និងកសាង​អនាគត​មួយ​ប្រកបដោយ​ដោយចិរភាព។