ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចក្រភពអង់គ្លេសស្វាគមន៍ជំនួបត្រំានិងពូទីន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១២.០៧.១៨)

ប៊ែលស្សិក៖ ទីភ្នាក់ងារបរទេសបានស្រង់សម្តីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី ធេរ៉េសា ម៉េដែលបាននិយាយកាលពីថ្ងៃពុធនេះ ថា លោកស្រីគំាទ្រជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា ជាមួយប្រធានាធិបតីរុស្សី លោកវ្លាធីមៀ ពូទីន តែលោកស្រីបានបញ្ជាក់ថាជំនួបកំពូលនោះត្រូវតែសម្រេចនូវការកាត់បន្ថយគ្រោះនៃការប្រឈមមុខដាក់គ្នានិងត្រូវតែលើកយកបញ្ហានៃសកម្មភាពមិនអាចទទួលយកបានរបស់ប្រទេសរុស្សី មកពិភាក្សាគ្នា ។​

មេដឹកនំាទំាងពីរ នឹងជួបគ្នានៅថ្ងៃចន្ទក្រោយនេះក្នុងពេលដែលសម្ពន្ធមិត្តលោកខាងលិចរបស់អាមេរិក ហាក់ដូចជាមិនយល់ស្របនឹងជំនួបនេះដោយសារជំនួបកំពូលនេះត្រូវបានរៀបចំឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យការពាររបស់ប្រទេសនៅអ៊ឺរ៉ុប ដើម្បីទប់ទល់នឹងអ្វីដែលពួកគេហៅថា ជាការឈ្លានពានរបស់ប្រទេសរុស្សីនោះ ។

អ្នកនាំពាក្យរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានប្រាប់អ្នកកាសែតថាលោកស្រីនាយករដ្ឋមន្រ្តីនឹងលើកឡើងពីការវាយលុកតាមប្រព័ន្ធកុមព្យូទ័រដែលមានជាប់ពាក់ព័ន្ធនឹងវិមានក្រឹមឡាំង ព្រមទាំងលើកពីការប្រើសារធាតុពុល នៅលើទឹកដីរបស់ប្រទេសអង់គ្លេស ។​