ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីសម្ពោធ “សប្ដាហ៍ភាពយន្តចិន” និង “ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី ៣” ធ្វើឡើងនៅរាជធានីភ្នំពេញ ១០ កក្កដា ២០១៨

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ:ពិធីសម្ពោធ “សប្ដាហ៍ភាពយន្តចិន” និង “ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៣” បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពចតុម្មុខរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែកក្កដានេះ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ស្យុង ប៉រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួង ព័ត៌មាន ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងក្រសួងអប់រំយុវជននិងកីឡា និងតំណាងស្ថប័នផ្សេងៗទៀត ព្រមទាំងទស្សនិកជនសរុបចំនួនជិតមួយពាន់នាក់បានចូលរួមក្នុងកម្មវិធីនេះ ហើយបានទស្សនាខែ្សភាពយន្តដំបូងគេដែលបានបញ្ចូលសំឡេងជាភាសាខ្មែរ គឺរឿង ក្រុមនារីខ្យល់គួច ។

ឯកឧត្តម ស្យុង ប៉រ បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់ឯកឧត្តមថា ខ្សែភាពយន្តគឺជាស្ពានមួយដ៏សំខាន់ក្នុងការពង្រឹងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជននិងប្រជាជន ព្រមទាំងជួយជំរុញការផ្លាស់ប្ដូរ ទំនាក់ទំនងផ្នែកវប្បធម៌ផងដែរ។ ជាមួយគ្នានេះដែរកម្មវិធី “ ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើម” បានប្រារព្ធធ្វើឡើងចំនួនពីរលើករួចមកហើយ។ ពីរឆ្នាំកន្លងទៅនេះ ក្រុមបញ្ចាំងភាពយន្តនៃប្រទេសទាំងពីរបានធ្វើដំណើរទៅកាន់តំបន់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន ទីបញ្ជាការដ្ឋានកងទ័ព និងតំបន់សេដ្ឋកិច្ចពិសេសជាដើម នៅក្នុង១៤ខេត្តក្រុងនៃប្រទេសកម្ពុជា ហើយបានចាក់បញ្ចាំងភាពយន្តចិនដ៏ឆ្នើមជិត១០រឿង និងភាពយន្តខ្មែរជាច្រើនរឿងទៀត ដែលមានចំនួន២៤លើកចាក់ជូនប្រជាជនកម្ពុជាទស្សនា ដែលរស់នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតាមតំបន់ផ្សេងៗទៀត ដែលមានចំនួនជិត៤ម៉ឺននាក់ ព្រមទាំងបានផ្ដល់នូវច្រកថ្មីមួយសម្រាប់ឱ្យប្រជាជនកម្ពុជានៅតាមតំបន់ សាធារណៈនិងទីជនបទក្នុងប្រទេសកម្ពុជាយល់ដឹងអំពីវប្បធម៌ ប្រវត្តិសាស្រ្ត និងស្ថានភាពបច្ចុប្បន្នរបស់ ប្រទេសចិនផងដែរ ហើយបានក្លាយទៅជាស្លាកសញ្ញាដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរវប្បធម៌មនុស្សជាតិ រវាងប្រជាជននៃប្រទេសយើងទាំងពីរ ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា តាមរយៈ សប្ដាហ៍ភាពយន្តចិននេះ នឹងធ្វើឱ្យប្រជាជនកម្ពុជាយល់កាន់តែច្បាស់អំពីវប្បធម៌ចិន និងមិត្តភាពកម្ពុជាចិន ស្របពេលដែលព្រឹត្តិការណ៍លើកទីមួយគឺ “ដំណើរភាពយន្តចល័តចិន-ខ្មែរជុំវិញបឹងទន្លេសាប” នៅឆ្នាំ២០១៦ និងលើកទីពីរគឺ ”ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី២”នៅឆ្នាំ២០១៧ បានបង្កើតឡើង ហើយដែលព្រឹត្តិការណ៍ទាំងពីរលើកនេះ សុទ្ធតែទទួលបាននូវភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតាមតំបន់ដែលបានចុះទៅចាក់បញ្ចាំង ហើយសម្រាប់លើកទី៣នេះ យើងសង្ឃឹមថានឹងកាន់តែទទួលបានជោគជ័យខ្លាំងក្លាបន្ថែមទៀត។

កម្មវិធី “សប្ដាហ៍ភាពយន្តចិន” និង “ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី ៣”នេះ មានការសហការចូលរួមពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនភាពយន្តចិនគ្រុប។ កម្មវិធី“សប្ដាហ៍ភាពយន្តចិន”នេះ មានរយៈពេល៥ថ្ងៃ ហើយក៏ជាកម្មវិធីដ៏សំខាន់មួយសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ផងដែរ ក្នុងគោលបំណងដើម្បីជំរុញនិងពង្រឹងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរបស់ប្រទេសទាំងពីរឱ្យបានស៊ីជម្រៅថែមមួយកម្រិតទៀត។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍”សប្ដាហ៍ភាពយន្តចិន”នេះ ក៏មានការចាក់បញ្ចាំងភាពយន្តដ៏ឆ្នើមរបស់ចិនដែលបញ្ចូលសម្លេងជាភាសាខ្មែរជូនប្រជាជនកម្ពុជាទស្សនាដោយឥតគិតថ្លៃ រួមមានរឿង ក្រុមនារីខ្យល់គួច រឿង ប្រតិបត្តិការសមុទ្រក្រហម រឿង អ្នកចម្បាំងចចក ជាដើម។ ម្យ៉ាងវិញទៀតភាពយន្តទាំងនេះនឹងធ្វើដំណើរទៅកាន់អគ្គទីបញ្ជាការដ្ឋានកងទ័ពជើងទឹកកម្ពុជា កងយោធាឆ័ត្រយោង …ព្រមទាំងយកទៅកាន់តំបន់មួយចំនួនក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តដែលជាតំបន់ដាច់ស្រយាលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងជូនប្រជាជននៅទីនោះទស្សនាដោយឥតគិតថ្លៃ ។

ពិធីសម្ពោធនេះផងដែរ ជាឱកាសដ៏ប្រពៃមួយដែលស្របនឹងខួបអនុស្សាវរីយ៍១០ឆ្នាំនៃដំណើរការផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិននៃស្ថានីយ៍វិទ្យុអន្តរជាតិចិនផងដែរ ដែលក្នុងរយៈពេល១០ឆ្នាំនេះ វិទ្យុមិត្តភាពកម្ពុជាទទួលបានការពេញនិយមយ៉ាងខ្លាំងពីប្រិយមិត្តអ្នកស្ដាប់កម្ពុជា ហើយថ្ងៃនេះអ្នកស្ដាប់មួយចំនួនក៏បានមកចូលរួមក្នុងកម្មវិធីនាថ្ងៃនេះផងដែរ។ វិទ្យុមិត្តភាពកម្ពុជាចិន បានចាប់ផ្ដើមចាក់ផ្សាយនៅពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ដែលបច្ចុប្បន្ននេះមានទីស្នាក់ការនៅរាជធានីភ្នំពេញ និងផ្សាយក្នុងរលកអាកាស FM96.5 MHz នៅរាជធានីភ្នំពេញ និងសៀមរាប FM105 MHz ។ វិទ្យុមិត្តភាពកម្ពុជា ផ្សព្វផ្សាយនូវសម្លេងមិត្តភាពនៃប្រជាជនចិនជូនប្រជាជនកម្ពុជា។