ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា-ចិនរៀបចំកម្មវិធី”សប្ដាហ៍ភាពយន្តចិន”និង“ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៣” ចាប់ពីទី១០ដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដោយលោក ចេម ហួត

ភ្នំពេញ៖ កម្ពុជាចិនរៀបចំកម្មវិធីសប្ដាហ៍ភាពយន្តចិននិងដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៣ ចាប់ពីទី១០ដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨ដើម្បីអបអរសាទរខួបឆ្នាំលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។

 កម្មវិធីសប្ដាហ៍ភាពយន្តចិននិងដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៣នឹងចាប់ផ្ដើមប្រព្រឹត្តទៅនាថ្ងៃទី១០ដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះនៅសាលសន្និ​​សីទចតុ​ម្មុខ រាជធានីភ្នំពេញ។

កម្មវិធីនេះសហការរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងព័ត៌មានកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជានិងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនភាពយន្តចិនគ្រុប។នៅក្នុងថ្ងៃសម្ពោធបើកនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក៏នឹងមានការចូលរួមផ្ដល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចឯកឧត្តមស្យុងប៉ូឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោកជំទាវ ភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាឯកឧត្តមឯកសំអុលប្រធានសមាគមមិត្តភាពកម្ពុជា-ចិនព្រមទាំងតំណាងក្រសួងពត៌មានកម្ពុជាក្រសួងអប់រំយុវជននិងកីឡាកម្ពុជាសហភាពសហព័ន្ធយុវជនកម្ពុជានិងតំណាងអង្គភាពស្ថាប័នជាច្រើនរូបទៀត។

សប្ដាហ៍ភាពយន្តចិនដែលមានរយៈពេល៥ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីអបអរសាទរខួបឆ្នាំលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌សិល្បៈនិងភាពយន្តរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។សប្ដាហ៍ភាពយន្តចិននេះនឹងចាក់បញ្ចាំងភាពយន្តចិនដែលបានបញ្ចូលសម្លេងជាភាសាខ្មែររួមមានរឿងក្រុមនារីខ្យល់គួច”“ប្រតិបត្តិការសមុទ្រក្រហមនិងអ្នកចម្បាំងចចកជាដើមដែលជាភាពយន្តដ៏ឆ្នើមរបស់ប្រទេសចិនហើយទទួលបានការកោតសរសើរជាខ្លាំងទាំងក្នុងនិងក្រៅប្រទេសនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនឹងនាំយកមកឱ្យប្រជាជនកម្ពុជាទស្សនាដោយឥតគិតថ្លៃ។បន្ទាប់ពីកម្មវិធីសប្ដាហ៍ភាពយន្តចិនបានបញ្ចប់ទៅភាពយន្តទាំងអស់នេះនឹងនាំយកទៅចាក់បញ្ចាំងជូនប្រជាជនកម្ពុជាទស្សនាដោយឥតគិតថ្លៃនៅតាមបណ្ដាខេត្ត និងតាមតំបន់ជនបទនានានៅក្នុងប្រទេសកម្ពុជាដែលមានដូចជាខេត្តរតនគីរីនិងមណ្ឌលគីរីជាដើម៕