ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកទំនាក់ទំនងកាទូតកម្ពុជា- ចិនរយៈពេល៦០ឆ្នាំកន្លងមកនេះរួមចំណែកខ្លាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អត្ថបទ៖ លោកចេម ហួត

 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជាបានអះអាងថា ទំនាក់ទំនងកាទូត រវាងកម្ពុជានិងចិន រយៈពេល៦០ឆ្នាំកន្លងមកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានកាលពីថ្ងៃទី២៩ ខែមិថុនានៅទីស្តីការគណៈ​​រដ្ឋមន្ត្រី ឯកឧត្តមឧបនាយ​​ករដ្ឋមន្ត្រី​ ហោ ណាំហុង មានប្រសាសន៍ថា ការអភិវឌ្ឍ​​​​របស់កម្ពុជាបច្ចុប្បន្ននេះ មិនអាចកាត់​​ផ្តាច់បានពី​​ជំនួយ​​របស់​​ប្រទេសចិនទេ ព្រោះ​ជំនួយរបស់ចិនមិនត្រឹមតែជួយអភិវឌ្ឍន៍​​សេដ្ឋកិច្ចឲ្យរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែ ក៏បាន​​ជួយកា​​រពារឯករាជ្យភាពនិងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ឆ្នាំ២០១៨គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងកាទូតផ្លូវការ រវាងកម្ពុជានិងចិន ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយ​​ក្នុង​​រយៈ​ពេល៦០ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយថ្នាក់ដឹក​​នាំកំពូលនៃ​​ប្រទេស​​ទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ជាពិសេស ដំណើរទស្សនកិច្ច​​របស់នាយក​​​​រដ្ឋមន្ត្រី​​ចិន​អញ្ជើញមកកម្ពុជា កាលពីដើមឆ្នាំ២០១៨។

ជំនួយរបស់ចិនជួយដល់កម្ពុជាមានច្រើនរាប់មិនអស់ ក្នុងនោះ គិតត្រឹមឆ្នាំ២០១៨ ជំនួយឥតសំណងមានជាង១២០០លាន​ដុល្លារអាមេរិក ក្រៅពីនោះ ក៏មានកម្ចីសម្បទានជាច្រើនពាន់លានដុល្លារអាមេរិកថែមទៀត ហើយ​​ការវិនិយោគរបស់ចិននៅកម្ពុជាមានយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ។ ក្នុងនោះ ប្រទេសចិន​​ក្លាយជាប្រទេស​ទីមួយដែលហ៊ានវិនិយោគក្នុងទំហំទឹកប្រាក់ ជិត៣០០០ពាន់លានដុល្លារ ក្នុងការបង្កើតវារី​​អគ្គិសនីនៅកម្ពុជា ជាការចូល​រួមចំណែកធ្វើឲ្យតម្លៃអគ្គិសនីនៅកម្ពុជាចុះថោកបន្ថែមទៀត ជួយលើកតម្កើង​​ជីវភាពរបស់ប្រជាជន​​កម្ពុជា ព្រមទាំងជួយអភិវឌ្ឍន៍វិស័យឧស្សាហកម្មផងដែរ។ ក្រៅពីនេះ ចិនបានជួយដល់​កម្ពុជា​​លើការអភិវឌ្ឍ​​ធនធានមនុស្ស ក្នុងនោះ គិតមកដល់ពេលនេះ និស្សិតកម្ពុជាចំនួន១២២៣នាក់បានទទួល​​អាហារូបករណ៍របស់ចិន ហើយអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីងមកកាន់កម្ពុជា ចិនសម្រេច​​ផ្តល់​អាហាររូបករណ៍១០០កន្លែង ជារៀងរាល់ឆ្នាំ ដែលមានរយៈពេល៥ឆ្នាំ។

ឯកឧត្តម ហោ ណាំហុង បន្តទៀតថា ចំពោះគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់ប្រធានរដ្ឋចិនវិញ គឺពិតជាអស្ចារ្យនិងថ្លៃថ្លាបំផុតសម្រាប់កម្ពុជា ព្រោះដោយសារតែគំនិតផ្តួចផ្តើមនេះ ចិនបានជួយអភិវឌ្ឍន៍​​ហេដ្ឋារចនា​សម្ពន្ធយ៉ាងច្រើនដល់កម្ពុជា ក្នុងនោះ បានជួយកសាងផ្លូវថ្មីជិត៣ពាន់គីឡូម៉ែត្រហើយ រីឯស្ពានឆ្លង​​ទន្លេធំៗ នៅកម្ពុជាមានចំនួន៧ហើយ ខណៈដែលស្ពានទី៨ ឆ្លងទន្លេមេគង្គមួយទៀត ពីខេត្តក្រចះទៅខេត្តកំពង់ធំ នឹងត្រូវកសាងឆាប់ៗនេះ តាមរយៈជំនួយរបស់ចិន។

ឯកឧត្តមក៏បានថ្លែងរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងចិននឹងកើនឡើងដល់៦ពាន់លានដុល្លារអាមេរិក ក្នុង​​ពេលឆាប់ៗខាងមុខនេះ ខណៈដែលមកដល់ពេលនេះ មានជាង៥ពាន់ដុល្លារអាមេរិកហើយ។ ឯកឧត្តមថា ក្នុង​​ឱកាសខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងកាទូត រវាងប្រទេសទាំងពីរ គម្រោងធំៗចំនួនពីរដែលប្រទេស​​ទាំង​​ពីរត្រូវ​សម្រេច​រួមគ្នា និងផ្តល់ជាប្រយោជន៍ខ្លាំងដល់សង្គមសេដ្ឋកិច្ចកម្ពុជានោះ គឺគម្រោងសាង់សង់ផ្លូវ​​ល្បឿន​​លឿន​​ភ្នំពេញ-ក្រុងព្រះសីហនុ និងការសាងសង់ចំណតអាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប៕