ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ជំរុញឲ្យភ្ញៀវទេសចរទៅកំសាន្តប្រាសាទព្រះវិហារឲ្យកាន់តែច្រើន

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ៖ លោកចេម ហួត

 ភ្នំពេញ៖ ក្រសួងទេសចរណ៍ជំរុញឲ្យភ្ញៀវទេសចរទៅកំសាន្តតំបន់ប្រាសាទព្រះវិហារឲ្យកាន់តែច្រើន  ខណៈខែកក្កដាក្រោយនេះនឹងឈានដល់ខួប១០ឆ្នាំដែលអង្គការUNESCO​ចុះបញ្ជីប្រាទសាទព្រះវិហារចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

 ប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗនេះ ឯកឧត្តម ណេប សាមុត អគ្គនាយកទេសចរណ៍មានប្រសាសន៍ថា ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌របស់កម្ពុជា ដ៏សំខាន់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន បន្ទាប់ពីតំបន់ប្រាសាទអង្គរ និងកន្លែងផ្សេងៗទៀត។

 ឯកឧត្តមបញ្ជាក់ថា  ដើម្បីជំរុញឲ្យមានភ្ញៀវទេសចរទៅកំសាន្តនៅតំបន់ប្រសាទព្រះវិហារឲ្យបាន​កាន់​​តែ​ច្រើន ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ព្រមទាំងបានសហការជាមួយវិស័យឯកជនរៀបចំកញ្ចប់ទេសចរណ៍ផ្នែកវប្បធម៌ ដោយភ្ជាប់ជាមួយតំបន់សៀមរាបអង្គរ។

គួកត់សម្គាល់ថា បន្ទាប់ពី អង្គការUNESCO បានចុះបញ្ជីប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងតុលាការយុត្តិធម៌អន្តរជាតិICJ បានបើកសវនាការលើសំណុំរឿងបក​​ស្រាយ​​សាល​​​​ក្រមប្រាសាទព្រះវិហារពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ តំបន់ប្រាសាទព្រះវិហារ ត្រូវបានគេស្គាល់​​កាន់តែច្រើននៅលើពិភាពលោក។

ជាមួយគ្នានោះ ប្រព័ន្ធបណ្តាញផ្លូវ គមនាគមន៍ សេវាកម្មទេសចរណ៍មានសន្ទុះរីកចំរើនជាបន្តបន្ទាប់ធ្វើឲ្យចំនួន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅទស្សនា

 សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងមកនេះ បា្រសាទព្រះវិហារបានទទួលភ្ញៀវទេសច​រទៅទស្សនាប្រមាណជាង១៥ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានប្រមាណជិត២ម៉ឺននាក់ ។ ដោយឡែករយៈពេល៦ខែឆ្នាំ២០១៨នេះ មានការកើនឡើងបន្តិចបើធៀប​​​​នឹងរយៈពេលដូច​​​គ្នាឆ្នាំ២០១៧៕