ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ស្នើសុំឲ្យមានការយោគយល់ពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ក៏ដូចជារស់នៅតំបន់រង្វង់មូលចោមចៅ ដែលបង្កឲ្យមានការរំខានពេលសាងសង់ស្ពាននេះ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុង​ពិ​ធី​​​បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដែលជា​ស្ពាន​អា​កាស​​​ទី៦នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។ សម្តេចតេជោ បាន សុំនូវការ​យោគ​យល់ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលនឹងមានការផលប៉ះពាល់ឬរំខាន​ដោយ​ប្រ​ការ​ណា​​​មួយ ទាំងអ្នករស់នៅតំបន់នេះ ទាំងអ្នកធ្វើដំណើរនៅពេលដែលមានការសាងសង់ ពិតណាស់​នឹងមានការប៉ះពាល់ដូចជា ថ្លង់ដោយសំលេង ឬក៏រំខាន ជាពិសេសការកក​ស្ទះចរាចរណ៍​ពេល​ប្រជាពលរដ្ឋឆ្លងកាត់តំបន់នេះ។ប៉ុន្តែទោះជាយ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា ការអភិវឌ្ឍ ណាមួយក៏ដោយ តែងតែមានផលប៉ះពាល់ជៀសមិនផុតនោះទេ តែនៅពេលដែល​យើង​សាង​សង់​រួច វានឹងផ្តល់ភាពងាយស្រួលសំរាប់បងប្អូនអ្នកធ្វើដំណើរគ្រប់រូប ធ្វើដំណើរបានងាយ​ស្រួល និងចំណេញពេលវេលា។