ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេសកជន និងភ្ញៀវទេសចរជនជាតិចិនបានមកខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងកម្ពុជា-ចិន

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បេសកជន និងភ្ញៀវទេសចរចិនចំនួន ១ពាន់នាក់ បានមកកាន់ខេត្តសៀមរាប​ ដើម្បីចូលរួម​អបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ រីសត ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៨ ។

ឯកឧត្ដម ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា នៅក្នុងឱកាសទទួលស្វាគមន៍ដំណើរមកដល់របស់បេសកជន និងភ្ញៀវទេសចរចិននៅព្រលានយន្ដហោះ អន្ដរជាតិសៀមរាប បានថ្លែង​ឱ្យដឹងថា ការមកកាន់ខេត្តសៀមរាប​របស់បេសកជន និងភ្ញៀវទេសចរចិននេះ គឺជាកត្តាមួយដ៏សំខាន់​ក្នុង​ធ្វើឱ្យទំនាក់ទំនង​ការ​ទូតរវាងកម្ពុជា និងចិន ឱ្យកាន់តែល្អ​ប្រសើរ ជា​ពិសេសជំរុញ​ឱ្យអ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនមកកម្សាន្តនៅ កម្ពុជាកាន់តែច្រើន​ផងដែរ។

ឯកឧត្តម​បាន​បញ្ជាក់ថា ក្រៅពី​ការ​ចូល​រួម​នៅ​ក្នុងពិធីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិននេះ បេសកជន និងភ្ញៀវទេសចរចិនទាំងនេះ នឹងបានស្តាប់បទបង្ហាញស្តីពីគោលនយោបាយស្តីពីទិដ្ឋការ និងការសម្របសម្រួលការធ្វើដំណើរ ដល់ភ្ញៀវទេសចរ បែបបទ និងនីតិវិធីអន្តោប្រវេសន៍ក្នុងការសម្របសម្រួលការធ្វើដំណើរ សម្រាប់ភ្ញៀវទេសចរចិន គោលនយោបាយបើកចំហរជើងមេឃស្តីពីការហោះត្រង់រវាងចិន–កម្ពុជា ផែនការយុទ្ធសាស្រ្តស្តីពីការត្រៀមលក្ខណៈសហការជាមួយដៃគូធុរកិច្ចទេសចរណ៍ចិន របស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសេវាកម្មអាហារ និងបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរចិនជាដើម។

សូមបញ្ជាក់ថា ចិនជាទីផ្សារទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា ហើយនៅក្នុងឆ្នាំ២០១៧ កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើង ៤៥,៩ភាគរយ ឈរលំដាប់ទី១។ ក្រួសទេសចរណ៍កម្ពុជា បានការព្យាករណ៍ថា ភ្ញៀវទេសចរចិនដែលមក ទស្សនាកម្ពុជានៅឆ្នាំ២០១៨នេះ នឹងមានជាង ១,៨លាននាក់ ហើយនៅឆ្នាំ២០១៩ ភ្ញៀវទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២,៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២,៦លាននាក់ កើនលើសការគ្រោងទុក។ ខណៈរយពេល៤ខែដើមឆ្នាំ២០១៨នេះមានភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាប្រមាណ៦០ម៉ឺននាក់ហើយ៕

ដោយ៖ ឃុត សៅ សៀមរាប  / AKP